Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសថា រាល់បុគ្គលណាដែលរំដោះបានចំណាប់ខ្មាំងម្នាក់នឹងផ្តល់រង្វាន់ ៥លានដុល្លារ!

ក្នុងពេលចុះទៅកាន់តំបន់ហ្កាហ្សា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលអាចរំដោះចំណាប់ខ្មាំងចេញពីតំបន់នេះបាន។

ប្រភពពីសារព័ត៌មានរុស្ស៊ីTASS នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Netanyahu បានចុះទៅដល់ច្រករបៀង Netzarim ដែលយោធាអ៉ីស្រាអែលកំពុងកាន់កាប់ ខណ្ឌចែកភាគខាងត្បូង និងខាងជើងនៃតំបន់ហ្កាហ្សា។ លោកគូសបញ្ជាក់នៅពេលនោះថា «ចំពោះអ្នកដែលចង់ចាកចេញពីកន្លែងជាប់គាំងនេះ ខ្ញុំចង់និយាយថា នរណាដែលអាចនាំចំណាប់ខ្មាំង ចាកចេញបានដោយសុវត្ថិភាព យើង ក៏ នឹង ផ្តល់ ប្រាក់ ៥ លាន ដុល្លារ ក្នុង ចំណាប់ខ្មាំង ម្នាក់ៗ ។ នេះគ្រាន់តែជាម្រើស ប៉ុន្តែយើងនឹងនៅតែត្រូវនាំពួកគេទាំងអស់មកវិញ»។
លោក Netanyahu បានលើកឡើងជាថ្មីម្តងទៀតថា យោធាអ៊ីស្រាអែល នឹងនៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់សម្រេចគោលដៅលុបបំបាត់ក្រុមហាម៉ាស។ ជាយូមកហើយ ក្រុមហាម៉ាសបានចោទប្រកាន់ ក្រុមអ្នកចរចាអ៊ីស្រាអែល ថាមិនយកចិត្តទុកដាក់ក្នុងការឈានដល់កិច្ចព្រមព្រៀង ដើម្បីបិទបញ្ចប់សង្រ្គាមហ្កាហ្សា។
ការប្រកាសផ្តល់រង្វាន់របស់ លោក Netanyahu ធ្វើឡើងចំពេលដែលការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសនៅតែបន្ត ដោយក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកគាំទ្រពួកគេ បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រី សម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមហាម៉ាស ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ត្រូវបានដោះលែងមកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version