(តូក្យូ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក លី ម៉ូតូយុគិ (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក លី ម៉ូតូយុគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ។
ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត, និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក លី ម៉ូតូយុគិ និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន NTT DOCOMO, INC ដែលបានបង្ហាញ ចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ នៃរដ្ឋសភា បានកំណត់យកឌីជីថល ជាបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
ដោយបន្តផ្ដោតលើកិច្ចការអាទិភាព ជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន NTT DOCOMO, INC ធ្វើការជិតស្និទ្ធជាមួយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងយល់ និងពិភាក្សាអំពីលទ្ធភាពអាទិភាពនានាបន្ថែមទៀត៕