មេដឹកនាំក្រុមហ៊ូទី កាលពីថ្ងៃពុធទី២០ ខែធ្នូនេះ បានព្រមានថានឹងបើកការវាយប្រហារ លើនាវាចម្បាំងរបស់អាមេរិក ។
ប្រសិនបើមូលដ្ឋានរបស់ ពួកគេក្នុងប្រទេសយេម៉ែន រងការវាយប្រហារដោយសហរដ្ឋអាមេរិក ។
ដែលទើបតែបានបង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីទប់ទល់នឹងការវាយប្រហារ របស់ក្រុមហ៊ូទីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។
ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសយេម៉ែន។
ក្រុមមួយនេះបានបើកការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូន លើកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ។
ចាប់តាំងពីខែវិច្ឆិកាមក ហើយថាការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹង ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា។
ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនេះដែរ សហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះមួយមាន ១០ ប្រទេសចូលរួម ដើម្បីល្បាត និងការពារសន្ដិសុខ ក្នុងតំបន់សមុទ្រក្រហម ។
ក៏ដូចជាកំញើញ និងទប់ស្កាត់ការវាយប្រហារជាថ្មីរបស់ក្រុមហ៊ូទី ដែលបាននិងកំពុងបង្ខំឱ្យកប៉ាល់ដឹកទំនិញធំៗធ្វើដំណើរតាម ផ្លូវវៀងនៅជុំវិញតំបន់អាហ្វ្រិកជំនួសវិញ។
យ៉ាងណាមិញ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ មេដឹកនាំក្រុមហ៊ូទី លោក អាប់ដែល ម៉ាឡិក អាល់ហ៊ូទី (Abdel-Malek al-Houthi) បានព្រមានដូច្នេះថា «យើងនឹងមិនឈរនៅស្ងៀមឡើយ ប្រសិនបើអាមេរិកព្យាយាមបង្កើន ភាពតានតឹងនៅពេលអនាគត ឬហ៊ានវាយប្រហារលើប្រទេសរបស់យើង ឬក៏ប្រកាសធ្វើសង្រ្គាមជាមួយពួកយើង…យើងនឹងវាយប្រហារលើនាវាចម្បាំង អាមេរិកដោយមីស៊ីល និងយន្ដហោះដ្រូនរបស់យើង»។
គួរបញ្ជាក់ថា ការព្រមានរបស់ក្រុមហ៊ូទី កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។
កំពុងពិចារណាលើជម្រើស បើកការវាយប្រហារលើមូលដ្ឋានរបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន បើក្រុមនេះនៅតែបន្តធ្វើសកម្មភាពគំរាមកំហែងក្នុងតំបន់សមុទ្រក្រហម៕