យោធាអ៊ុយក្រែនបានឱ្យដឹងថា កាលពីចន្លោះវេលាយប់ថ្ងៃពុធ-ព្រហស្បតិ៍នេះ ប្រព័ន្ធការពារដែនអាកាស នៅរដ្ឋធានីកៀវ ព្រមទាំងនៅតាមតំបន់ផ្សេងទៀតពាសពេញប្រទេស បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួនរាប់សិបគ្រឿង ដែលកងកម្លាំងរុស្ស៊ី បានបញ្ជូនមក ក្នុងការវាយប្រហារ ថ្មីមួយទៀត។
កងទ័ពអាកាសអ៊ុយក្រែន បានប្រកាសលើប្រព័ន្ធ Telegram ថា កងកម្លាំងរុស្ស៊ីបានធ្វើសកម្មភាពវាយប្រហារ ។
ដោយប្រើយន្តហោះដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ចេញពីទិសដៅចំនួន៣ផ្សេងគ្នា រួមមានក្រុង Chauda នៅឧបទ្វីបគ្រីមៀ ព្រមទាំងក្រុង Primorsko-Akhtarsk, និងក្រុង Kursk នៅប្រទេសរុស្ស៊ី។
បើតាមការអះអាង របស់ទីក្រុងកៀវ កងកម្លាំងរបស់ខ្លួនបាញ់ស្កាត់បានដ្រូន៣៤គ្រឿង ក្នុងចំណោមយន្តហោះដ្រូនទាំង៣៥គ្រឿង ហើយភ្លាមៗពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសនៅឡើយទេ។
គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនយន្តហោះដ្រូនខាងលើក្នុងលក្ខណៈជាជុំៗ ដើម្បីប៉ុនប៉ងវាយប្រហារលើអ៊ុយក្រែន ចាប់ពីវេលាម៉ោងប្រមាណខ្ទង់៨យប់ថ្ងៃពុធ ដល់ម៉ោង៣៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍។
តំបន់អ៊ុយក្រែនសរុប១២កន្លែង រួមមានទាំងភាគកណ្តាល ភាគអាគ្នេយ៍ និងភាគខាងជើង គឺត្រូវបានកំណត់គោលដៅវាយប្រហារ។
ស្របពេលដែលរដូវរងាកំពុងចូលមកដល់ ទីក្រុងមូស្គូបានបង្កើនការវាយប្រហាររបស់ខ្លួន ប្រឆាំងមកលើអ៊ុយក្រែនអំលុងពេលយប់ ខណៈទីក្រុងកៀវបានស្នើឱ្យសម្ព័ន្ធមិត្ត ឱ្យជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម៕