(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង)កាលពីព្រឹកទី១៧.០២.២០២៥ ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង.!។
ក្រុមអាជីវករ ដែលតែងតែដើរប្រមូលទិញស្រូវ រួចដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី…!!។
បានអះអាងដូចៗគ្នាថា ពួកខ្លួនមានការឈឺចាប់ជាខ្លាំង ដោយសារឈ្មួញវៀតណាម មានគំនិតទុច្ចរិត(ឆបោក)ទិញស្រូវពីពួកគាត់ ជិត៣០នាក់ សរុបជាង១.២០០តោន ស្មើនឹងជាង១.២០០លានរៀល អស់រយៈពេលជាង១ខែមកហើយ មិនឱ្យលុយគេចខ្លួនបាត់.ទាក់ទងលែងបាន..!!។
ហើយអ្វីដែលធ្វើឱ្យពួកគាត់ កាន់តែអស់សង្ឃឹមថែមមួយកម្រិតទៀតនោះ!
គឺនៅពេលខ្លួនមានទុក្ខ ខំរាយការណ៍ប្ដឹងទៅសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រួមនឹងសមត្ថកិច្ចប៉ូលិសស្រុកព្រះស្ដេច បែរជាមិនបានលទ្ធផល និងគ្មានដំណោះស្រាយ!។
បណ្ដាលឱ្យពួកគាត់ ត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ ស្របពេលដែល កសិករជាម្ចាស់ស្រូវ តាមរករឿង គំរាម ប្ដឹងទារលុយជាហូរហែ..!។
ម្លោះហើយទើបពួកខ្លួន ដែលជា(អាជីវករខ្មែរ)ឬហៅថាឈ្មួញកណ្ដាល សម្រេចប្រកាសទុកពេលឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធរយៈពេល៧ថ្ងៃ ដើម្បីចាត់វិធានការ រកដំណោះស្រាយឱ្យពួកគាត់ដោយក្ដីអនុគ្រោះ ពោលគឺគិតចាប់ពីថ្ងៃទី១៧.០២.២០២៥នេះតទៅ។
ក្នុងនោះប្រសិនបើ ដល់ថ្ងៃកំណត់ហើយ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែគ្មានដំណោះស្រាយឬគ្មានដំណឹងទៀតនោះ ពួកខ្លួននឹងនាំគ្នាផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ដាក់រថយន្តបិទផ្លូវ និងបិទច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មិនខានឡើយ..!!។
-យោងពាក្យបណ្ដឹង ដែលគោរពជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី០៥.០២.២០២៥ បានបង្ហាញថាអាជីវកររងគ្រោះចំនួន២៧នាក់ ដែលភាគច្រើនពួកគាត់ មានទីលំនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង រីឯស្រូវ ដែលខាតបង់ជាង១.២០០តោន ស្មើនឹងជាង ១.២០០លានរៀល.!!។
-ចំណែកឈ្មួញដែលរងការចោទប្រកាន់ឈ្មោះ ប៊ួយ យ៉ាំងឡឺម ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិវៀតណាម នៅក្រុងហុកងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម..!។
បើតាមក្រុមអាជីវករ អំពើ(ឆបោក)ទិញស្រូវមិនឱ្យលុយ ពីសំណាក់ឈ្មោះ ប៊ួយ យ៉ាំងឡឺម គឺកើតឡើងតាំងពីថ្ងៃទី០១.នឹងថ្ងៃបន្ទាប់ ក្នុងខែមករា.ឆ្នាំ២០២៥..!។
អាជីវករបន្តថា ជារៀងរាល់លើកពួកខ្លួនប្រមូលទិញស្រូវពីកសិករ តម្លៃជិត៨០០រៀលក្នុង១គីឡូក្រាម រួចក៏លើកដាក់លើរថយន្ត ដឹកមកលក់ នៅក្នុង(បេន)ខាងដីវៀតណាម ដោយបើកឆ្លងកាត់បារ៉ាស់ ច្រកទ្វារព្រំដែនបន្ទាយចក្រី.!។
ក្នុងនោះឈ្មោះ ប៊ួយ យ៉ាំងឡឺម ក៏កំពុងឈរជើងចាំទិញស្រូវដូចឈ្មួញឯទៀត និងបានព្រមព្រៀងត្រូវថ្លៃគ្នា រវាងខ្លួនជាអ្នកលក់និងឈ្មោះ ប៊ួយ យ៉ាំងឡឺម ដែលជាអ្នកកទិញ ក្នុងតម្លៃជាង៨០០រៀលសម្រាប់១គីឡូក្រាម។
រួចទើបបើករថយន្តឡើងជញ្ជីងថ្លឹង ដើម្បីគិត(បុង)មុននឹងបង្ហូរស្រូវចេញពីរថយន្ត ចូលក្នុងទូករបស់ឈ្មួញឈ្មោះ ប៊ួយ យ៉ាំងឡឺម ។
បើទោះបីជាមានការទិញលក់ផ្ទាល់បែបនេះក្ដី ប៉ុន្តែសមត្ថកិច្ចវៀតណាម គេមិនអនុញ្ញាតឱ្យ នាំលុយសុទ្ធ ចូលមកកម្ពុជាយើងឡើយ..!។
ពោលគឺ អ្នកលក់បានត្រឹម យកសន្លឹកវិក្កយបត្រ(បុង)មកចាំបើកលុយនៅត្រើយខាងដីខ្មែរ ។
ខណៈឈ្មួញវៀតណាមនិងម្ចាស់(បេន)ត្រូវវេរលុយ មកឱ្យអាជីវករដែលរង់ចាំនៅខាងកម្ពុជា..។
មិនដូច្នេះអី ពេលបានស្រូវដល់ទូកហើយ ស្រាប់តែឈ្មោះ ប៊ួយ យ៉ាំងឡឺម សន្យានិងលើកពេលវេរលុយ ពីមួយថ្ងៃទៅមួយថ្ងៃ.!។
ខណៈពុំទាន់ល្បីរឿង(ឆបោក) ទើបអាជីវករផ្សេងៗ ដឹកស្រូវមកលក់ឱ្យឈ្មួញ ប៊ួយ យ៉ាំងឡឺម ជាបន្តបន្ទាប់ តាមរយៈមេកាឈ្មោះ វ៉ា ភន់ ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរនៅភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង(គេចខ្លួន)។
លុះបើកលុយមិនបាន ក៏ដេញដោលគ្នារហូតផ្អើលថា ពួកយើងចាញ់បោកឈ្មួញ ប៊ួយ យ៉ាំងឡឺម ហើយដោយម្នាក់ៗអស់រាប់លានរៀល!។
សរុប២៧នាក់ ស្រូវជាង១.២០០តោន ហើយក៏ចាប់ផ្ដើមខលទូរស័ព្ទទាក់ទងទៅឈ្មោះ ប៊ួយ យ៉ាំងឡឺម ដើម្បីឱ្យមកទូទាត់និងដោះស្រាយគ្នា ប៉ុន្តែទាក់ទងមិនបានឡើយ..។
អាជីវករបញ្ជាក់ទៀតថា ក្រោយជួបរឿងបែបនេះ ពួកខ្លួនបានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងបំណងឱ្យជួយរកដំណោះស្រាយ ប៉ុន្តែមិនបានផល.!!។
ទើបនាំគ្នាផ្ដិតមេដៃ ប្ដឹងបន្តទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្ថែមទៀត តាមរយៈអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច លុះនៅតែគ្មានដំណោះស្រាយ…!។
ក្រុមអាជីវករ ក៏បានស្នើសុំមក(ដើមរាំង)ដើម្បីឱ្យជួយផ្សព្វផ្សាយ សម្រាប់ជាដំណឹង ទៅកាន់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា.ក្នុងបំណងឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ.!!។
-ឆ្លើយតបនិងការអះអាងខាងលើ សមត្ថកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានថ្លែងប្រាប់(ដើមរាំង)ថា រូបលោកក៏បានទទួលដំណឹងនេះដែរ.ប៉ុន្តែវាហួសដែនសមត្ថកិច្ចរបស់ខ្លួន។
ខណៈអ្នកប្រព្រឹត្តជាជនជាតិវៀតណាម ដែលមានទីលំនៅ ក្នុងប្រទេសវៀតណាម អញ្ចឹងមានតែរង់ចាំមើលដំណឹង និងចំណាត់ការរបស់សមត្ថកិច្ចវៀតណាម។
ក្នុងរឿងនេះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងប្រាប់(ដើមរាំង)នៅព្រឹកទី១៨.០២.២០២៥ថា ឯកឧត្តម បានបញ្ជាឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត! ក្នុងបំណងជួយរកដំណោះស្រាយ ជូនបងប្អូនអាជីវករនិងកសិករ។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តព្រៃវែង ពុំដែលព្រងើយកន្តើយ ចំពោះទុក្ខកង្វល់របស់ពលរដ្ឋនោះទេ ប៉ុន្តែករណីខាងលើ គឺអង្គហេតុកើតឡើងនៅក្រៅប្រទេស…!។
ទោះជាយ៉ាងណាក្ដី ឯកឧត្តម បានចាត់តាំងអភិបាលរងខេត្ត១រូបនិងគណៈកម្មការ ដើម្បីឱ្យទៅចចារជាមួយភាគីវៀតណាម.ដោយមានការខិតខំប្រឹងប្រែងធ្វើនីតិវិធី ពីលោកស្នងការខេត្តព្រៃវែង។
យ៉ាងណាក៏ដោយ ក្រុមអាជីវករ មានសំណើចំនួន២ចំណុចដូចខាងក្រោម៖
១៖ សុំឱ្យចាត់វិធានការលើឈ្មួញ ប៊ួយ យ៉ាំងឡឺម និងបក្ខពួកដើម្បីឱ្យសងលុយ សម្រាប់យកមកដោះស្រាយបន្តឱ្យកសិករ…!។
ខណៈការ(ឆបោក)ទិញស្រូវមិនឱ្យលុយពីសំណាក់ឈ្មួញវៀតណាម បានកើតជាវិបត្តិរវាងអ្នកលក់.អ្នកទិញនិងកសិករ រហូតអាជីវករខ្មែរម្នាក់ លេបថ្នាំសម្លាប់ខ្លួនកាលពីពេលថ្មីៗនេះ!។
២៖ បើអាចសុំឱ្យបង្កើត(បេន)នៅខាងដីខ្មែរដូចឆ្នាំមុនៗ កុំឱ្យរងគំនាបពីឈ្មួញវៀតណាម តទៅទៀត.៕








