ប្រសាសន៍សម្ដេចធិបតី ក្នុងពិធីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និង ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦ ប្រកបដោយបរិយាកាសរីករាយ។

សម្ដេចធិបតី បានថ្លែងថា ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា។

សម្ដេចធិបតី បានថ្លែងថា ប្រទេសកម្ពុជាបានកកើតឡើងជាមួយប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបី និងអរូបីដ៏សម្បូរបែប ត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វ- បុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និង ប្រជាជន។

សម្ដេចបន្ដថ្លែងថា កិច្ចការបន្តវេនថែរក្សា ការពារ និង អភិវឌ្ឍ បានក្លាយជា កាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅ ការពារអត្តសញ្ញាណជាតិមួយមុខនោះទេ។ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោល ដល់កំណើន សេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈ ការកសាងជំនាញបន្តវេន បង្កបង្កើត ការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្មវប្បធម៌។

សម្ដេចធិបតី បានថ្លែងថា សម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួម គាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, ប្រទេសជាដៃគូ, អង្គការជាតិ-អន្ដរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ, សិស្ស-និស្សិត, សិល្បករ-សិល្បការិនី ក្នុង និងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ, ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។

សម្ដេចធិបតី បានថ្លែងថា ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលបន្តរក្សាការប្រារព្ធទិវាវប្បធម៌ជាតិ ក្រោម ប្រធានបទតែមួយគឺ យុវជនដើម្បីវប្បធម៌ជាតិ ។
ដោយសារតែវិសាលភាពដ៏ធំនៃវិស័យសិល្បៈវប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍ គ្មានដែនកំណត់ជាកាតព្វកិច្ចចាំបាច់របស់ យុវជនបន្តវេន ក៏ដូចជា ជាវិស័យដែលងាយទទួលរងហានិភ័យដែលកើតចេញពីការកើន ឡើងនៃសាកលភាវូបនីយកម្មសិល្បៈវប្បធម៌ ទាំងក្នុងតំបន់និងពិភពលោក ព្រមទាំងពី ស្ថានភាព ដែលបច្ចេកវិទ្យាបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងសេដ្ឋកិច្ច សង្គមនិងនយោបាយ។

សម្ដេចធិបតី បានថ្លែងថា កាលពីឆ្នាំ ២០២៤ កន្លងទៅ សម្ដេចបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការកសាង ឱ្យបាននូវយុវជនបន្តវេន ដោយត្រូវដាក់ចេញឱ្យបាននូវវិធានការពង្រឹង, ទាំងបរិមាណ និង គុណភាព ដោយរាប់បញ្ចូលទាំងសកម្មភាពបណ្ដុះបណ្ដាល លើកទឹកចិត្ត, ពង្រីកឱកាស ចូលរួមជំរុញ និងការបង្កើតស្នាដៃថ្មីៗជាដើម។

សម្ដចធិបតី បានថ្លែងថា វិស័យសិល្បៈវប្បធម៌ ពិតជាងាយនឹងទទួលរង ផលប៉ះពាល់ពីស្ថានភាព ដែលគ្មានរបាំងកំណត់នៃការឆ្លងទៅវិញទៅមកនៃវប្បធម៌ប្រពៃណី ទាំងក្នុងតំបន់ និងពិភពលោក រីឯបរិវត្តកម្មឌីជីថល ក៏បន្តបង្ហាញពីសារៈសំខាន់ និងបញ្ហាប្រឈមផងដែរ សម្រាប់វិស័យនេះ។

សម្ដចធិបតី បានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំង AI ផង, កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម។
ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើន នៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ទាំងសម្រាប់ការផ្សព្វផ្សាយអាជីវកម្ម, ការផ្តល់ព័ត៌មាន ការបង្ហាញអំពីគំនិតច្នៃប្រឌិត និងស្នាដៃថ្មី, សារអប់រំ រូបភាព និង វីដេអូ ផ្ទាល់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ កាយវិការ និងពាក្យពេចន៍ថ្លៃថ្នូរសមរម្យ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់យោបល់បន្ថែមលើទិដ្ឋភាពការងារមួយចំនួន។

១៖ ភាពសម្បូរបែប នៃបេតិកភណ្ឌនៅគ្រប់ទីកន្លែងនៃប្រទេស គឺជាមោទនភាព របស់ជាតិ និងប្រជាជន ប៉ុន្តែបញ្ហាប្រឈមពាក់ព័ន្ធកិច្ចអភិរក្សថែរក្សា និងផលប៉ះពាល់ កម្មសិទ្ធប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី មិនទាន់ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងក្រសួងដែនដី សហការគ្នាកំណត់ទីតាំងអភិរក្សឲ្យបានច្បាស់លាស់ ពិសេសការធ្វើបច្ចុប្បន្នភាព និងមើលលើដីជាក់ស្ដែង។

សម្ដេចធិបតី បានថ្លែងថា ស្ថានីយបូរាណជាង១ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលនេះត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ។
សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឲ្យកំណត់ទីតាំងបូរាណដ្ឋានឲ្យបានច្បាស់លាស់។

សម្ដេចធិបតី បានថ្លែងថា កន្លែងខ្លះទួលបុរាណ។
ប៉ុន្ដែប្រជាពលរដ្ឋបានទៅរស់នៅអាស្រ័យផល ហើយមានប្លង់រឹងថែមទៀត ដូច្នេះត្រូវកំណត់ឡើងវិញឲ្យបានច្បាស់លាស់។

សម្ដេចធិបតី បានថ្លែងថា យើងត្រូវការពារកេរ្ដិ៍ដំណែលដូនតា ប៉ុន្ដែក៏ត្រូវស្វែងយល់អំពីតម្រូវការជាក់ស្ដែង និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

២៖ ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។
សម្ដេចជំរុញលើកទឹកចិត្តដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និងដាក់ចេញនូវគម្រោងបន្តចុះបញ្ជី នៅលើតំបន់ធម្មជាតិនានារបស់យើង, ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ានជាដើម។

សម្ដេចធិបតី កោតសរសើរក្រសួងវប្បធម៌ ដែលរៀបចំចុះបញ្ជីបេតកភណ្ឌអរូបីយ៍នាពេលកន្លងមក។
សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំគិតគូរចុះបញ្ជី សង្ក្រាន្ដ ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍។

៣៖ វឌ្ឍនភាពថ្មីៗនៃវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មខ្នាតតូច មធ្យម និងលក្ខណៈគ្រួសារ ពាក់ព័ន្ធនឹងផលិតផល ដែលមានលក្ខណៈប្រពៃណី ជាអាទិ៍តម្បាញ ហូល ផាមួង ចម្លាក់ សូនរូប ព្រមទាំងផលិតផល ប្រពៃណី ក្រោមទម្រង់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍នានា គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការបោះជំហានទៅមុខ និងការចូលរួមរបស់វិស័យសិល្បៈវប្បធម៌ ក្នុងកំណើនសេដ្ឋកិច្ច។

សម្ដេចធិបតី បានថ្លែងថា លោកជំទាវបណ្ឌិត ភ្ញាក់ផ្អើលនៅពេលឃើញគេយករូបរបស់លោកជំទាវ ស្លៀកពាក់ឈុតប្រពៃណីទៅប្រម៉ូត។

៤៖ កិច្ចការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មិនប្រាកដមានន័យថា ត្រូវតែនៅទ្រឹងមួយកន្លែងដោយមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និងអភិវឌ្ឍថ្មី នោះទេ។
សម្ដេចសូមជំរុញលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ជាជំនួយបង្កើនចំណាប់អារម្មណ៍ និងភាពទាក់ទាញដោយត្រូវកាត់បន្ថយជាអតិបរិមានូវផលប៉ះពាល់ជាយថាហេតុមកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការធ្វើទំនើបកម្មវិស័យនេះ ជាពិសេសបង្កើនកិច្ចសហការ និងដកស្រង់បទពិសោធពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌។

សម្ដេចធិបតី កោតសរសើរចំពោះការកែច្នៃទម្រង់សិល្បៈប្រពៃណីខ្មែរ តែមិនត្រូវធ្វើឲ្យបាត់បង់អត្តសញ្ញាណជាតិឡើយ។

សម្ដេចធិបតី បានថ្លែងថា ការកែទម្រង់ និងធ្វើទំនើបកម្មវប្បធម៌ មិនខុសពីការធ្វើកំណែទម្រង់គោលនយោបាយ ដែលដកស្រង់បទពិសោធន៍ពីប្រទេសជិតខាងនោះទេ។

សម្ដេចធិបតី ណែនាំឲ្យក្រុមអ្នកចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ ដូចបរទេសនោះ ត្រូវរក្សាភាពថ្លៃថ្នូរ។
សម្ដេចធិបតី ណែនាំក្រសួងវប្បធម៌ ត្រូវពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឲ្យលើសព្រំដែនសីលធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលចេញមកជួយឈឺឆ្អាល ចំពោះការលើសលួសអ្វីមួយនៅតាមបណ្ដាញសង្គម។

សម្ដេចធិបតី បានថ្លែងថា សម័យបច្ចេកវិទ្យា ផ្ដោតលើការទាញអារម្មណ៍ ជាងមូលដ្ឋានជាក់ស្ដែង។
សម្ដេចធិបតី លើកឡើងអំពីករណីក្មេងស្រីលក់សណ្ដែកដីនៅខេត្តព្រះសីហនុ ថតសម្ដែងរុញ(Prank) និងករណីពិធីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើនារីម៉ូឌែលក្នុងកម្មវិធីប្រដាល់។

សម្ដេចធិបតី ណែនាំអ្នកបង្កើតមាតិកា ត្រូវគិតគូរឲ្យបានច្បាស់ចំពោះសកម្មភាពនៃការថតសម្ដែង ហើយត្រូវគិតអំពីតម្លៃជាក់ស្ដែង កុំគិតតែចំនួនអ្នកមើល Like Share។
សម្ដេចធិបតី ណែនាំឲ្យបញ្ឈប់រាល់សកម្មភាព ដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយត្រូវគិតគូរអំពីទំនាក់ទំនងជាមួយអ្នកនៅក្បែរខ្លួន។

សម្ដេចធិបតី រំលឹករឿងរ៉ាវករណីគ្រោះថ្នាក់បន្ដិចបន្ទួច តែព្យាយាមតេហៅអ្នកនេះអ្នកនោះ ដើម្បីមកដោះស្រាយធ្វើឲ្យរឿងកាន់តែធំ។

សម្ដេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ សូមដោះស្រាយបញ្ហាដោយសន្ដិវិធី កុំព្យាយាម Live នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យបញ្ហាកាន់តែក្ដៅលើសដើម។

សម្ដេចធិបតី អំពាវនាវឲ្យប្រើអភិក្រម មានបញ្ហាត្រូវរួមគ្នាដោះស្រាយ កុំឲ្យមហាជនលើបណ្ដាញសង្គមជួយដោះស្រាយ។
សម្ដេចធិបតី បានថ្លែងថា វប្បធម៌ សីលធម៌ ជាទំនៀមទម្លាប់ និងជាការប្រទាក់ក្រឡាក្នុងការរស់នៅ។

សម្ដេចធិបតី អំពាវនាវកុំឲ្យយកបញ្ហាបុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម, ពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី។

៥៖ សម្ដេចបាន បង្ហាញមោទនភាពចំពោះកម្រិតជោគជ័យ នៃសកម្មភាពថែទាំ ជួសជុល លើកតម្លៃបេតិកភណ្ឌរូបី នៅទូទាំងប្រទេស ដោយរួមបញ្ចូលទាំងប្រាង្គប្រាសាទ។

ហេដ្ឋរចនាសម្ព័ន្ធបុរាណ និងប្រវត្តិសាស្ត្រ ព្រមទាំងបុរាណដ្ឋានផ្សេងៗ ជាមួយនឹងការកសាងនូវ បទពិសោធខ្ពស់, យន្តការការងារច្បាស់លាស់, ធនធានមនុស្សបន្តវេនមានភាពរឹងមាំ ក្នុងការបន្តថែរក្សាសម្បត្តិបេតិកភណ្ឌទាំងនេះ ឱ្យរឹងមាំគង់វង្សទៅថ្ងៃអនាគត។

សម្ដេច មានការព្រួយបារម្ភអំពីហានិភ័យនៃការបាត់បង់ទម្រង់បេតិកភណ្ឌអរូបី មួយចំនួន ។
ដែលភាពគង់វង្ស គឺអាស្រ័យទាំងស្រុងទៅនឹងធនធានមនុស្សបន្តវេន ជាពិសេសសម្រាប់វិស័យសិល្បៈ សិប្បកម្ម ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា។

សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះមរតកដែលងាយបាត់បង់។
សម្ដេចធិបតី បានថ្លែងថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដួចផ្ដើមគំនិតរៀបចំការសម្ដែងយីកេ៕

Leave a Reply

Your email address will not be published. Required fields are marked *