ប៉ូលិសស្រុកពាមរក៍ ជួយសង្គ្រោះស្ត្រីម្នាក់ ដែលសំរាលកូនតាមផ្លូវ ក្បែរគល់ស្ពានអ្នកលឿង!

(ព្រៃវែង)៖ កាលពីរសៀលទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទ។
បានអន្តរាគមន៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដែលសំរាលកូនតាមផ្លូវ បានទារកចំនួន ១នាក់ ភេទប្រុស នៅវេលាម៉ោង៤.៤៥ នាទី រសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះថា ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង យករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាន ដឹកនាំនិងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយនិងកូនបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *