Update៖ លោកហ្សេលេនស្គី ត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន នៅប្រទេសតួកគីយ៉េ!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាខាងមុខនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់រូបលោកជាសាធារណៈឱ្យទទួលយកសំណើចរចាដោយផ្ទាល់របស់លោក ពូទីន។
ប្រភពពីសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃអាទិត្យទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូលនៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ? លោក ពូទីន និងលោក ហ្សេលេនស្គីមិនធ្លាប់បានជួបគ្នាឡើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក។ កាលពីថ្ងៃអាទិត្យនោះដែរ លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាខ្ញុំនឹងរង់ចាំលោក ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ (សប្ដាហ៍នេះ)។ ជួបមុខគ្នាដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថាពេលវេលានេះ រុស្ស៉ីនឹងមិនមានលេសអ្វីទៀតនោះទេ។

គួរបញ្ជាក់ថា សំណើចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីមហាអំណាចអឺរ៉ុបធំៗ បានទាមទារឱ្យលោកប្រធានាធិបតីរុស្ស៊ី ទទួលយកបទឈប់បាញ់៣០ថ្ងៃជាមួយអ៊ុយក្រែន បើពុំដូច្នោះទេ អឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូ៕

Leave a Reply

Your email address will not be published. Required fields are marked *