(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ។ តែទោះបីយ៉ាងណាអ្នកនាំពាក្យមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃស្អែកនោះទេ។
បើតាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ឧសភានេះថាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ បណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ៖ លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ដម៉ាក LEXUS RX400H ទាំងខ្លួនស្រវឹងជោក បុករះម៉ូតូកង់បីចំនួន១គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។
តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L។
លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនគួរបណ្តោយខ្លួនឱ្យគ្រឿងស្រវឹងដឹកមុខ មួយពព្រិកភ្នែក ឆក់ជីវិតមនុស្សម្នាក់ របួសធ្ងន់ស្រាល ៥នាក់ ខណៈខ្លួនជានាយនគរបាលថែមទៀត ។
នេះជាប្រសាសន៍ របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវចាំថាគ្មានទេទៀតទេ ករណីបុកគេស្លាប់ហើយបង់លុយរួចខ្លួន! អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវឲ្យមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចៀសវាងដាចខាតបុកគេស្លាប់ហើយបង់លុយរួចខ្លួន៕