ថ្ងៃទី១៥ មិថុនា គឺជាខួបលើកទី៦៣ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ(១៥ មិថុនា ១៩៦២ – ១៥ មិថុនា២០២៥)!

(ភ្នំពេញ)៖ បន្ទាប់ពីរងនូវការឈ្លានពាន និងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និងក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។

ជាលទ្ធផល ក្រោមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញជាទីបំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលក្រមសម្រេចថា៖

១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា

២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា

៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *