Update៖ អ៊ីស្រាអែល បិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន!

អ៊ីស្រាអែល កំពុងបិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវបង្ហាញនិមិត្តសញ្ញាជនជាតិជ្វីហ្វ ឬអ៊ីស្រាអែលជាសាធារណៈឡើយ។ វិធានការនេះធ្វើឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ(ទី១៣ មិថុនា)។

ប្រភពពីសារព័ត៎មានReuters។

សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់ ប្រសិនបើមានសកម្មភាពអរិភាព។ មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។ ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច្ចុប្បន្នភាពទីតាំងរបស់ពួកគេជូនក្រសួងការបរទេស។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា អាល្លឺម៉ង់កំពុងបង្កើនការការពារទីតាំងរបស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។ សន្តិសុខក៏ត្រូវបានបង្កើននៅតាមទីតាំងសំខាន់ៗមួយចំនួននៅអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានប្រកាសពីការវាយប្រហាររោងចក្រនុយក្លេអ៊ែរ និងរោងចក្រផលិតមីស៊ីលក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងសម្លាប់មេបញ្ជាការយោធាជាច្រើននាក់ ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតអាវុធបរមាណូ៕

Leave a Reply

Your email address will not be published. Required fields are marked *