នៅថ្ងៃអង្គារ ទី៨ ខែកក្កដា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថាលោកចង់បានកិច្ចព្រមព្រៀងប្រសើរមួយ ក្រោយការគំរាមយកពន្ធពីអាមេរិក នៅ៣៦ភាគរយដដែលពោលគឺគ្មានការថយចុះ។
ប្រភពពីសារព័ត៌មាន AFP។
បន្ទាប់ពីខិតខំប្រឹងប្រែងចរចាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន មុនថ្ងៃកំណត់ ៩ កក្កដា ទីក្រុងបាងកកនៅតែរងការគំរាមយកពន្ធក្នុងអត្រាដដែល ដូចទៅនឹងកាលពីពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅខែមេសា។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានបញ្ជូនលិខិតទៅប្រទេសជាង១០ ដើម្បីជូនដំណឹងអំពី អត្រាពន្ធគយដែលត្រូវបានកំណត់ សម្រាប់ប្រទេសទាំងនោះ ប៉ុន្តែក៏បានពន្យារពេលបន្ថែមទៀតសម្រាប់ការចរចា រហូតដល់ថ្ងៃទី១ ខែសីហា ផងដែរ៕