សេតវិមានបានប្រកាសផែនការសន្តិភាពចំនួន 20 ចំណុច សម្រាប់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា ដោយទទួលបានការគាំទ្រពេញទំហឹងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន្យាមីន នេតាន្យាហ៊ូ។ ទោះជាយ៉ាងនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតែមិនទាន់ឆ្លើយតបឬ ព្រមព្រៀងឡើយ។
ប្រភពពីសារព័ត៌មានCNA។
ផែនការរបស់សហរដ្ឋអាមេរិកត្រូវបានពិពណ៌នាថាជា “ការដោះដូរដ៏ជូរចត់” ដែលទាមទារឱ្យ Hamas ចុះចាញ់ក្នុង កម្រិតមួយ ដើម្បីទទួលបានការបញ្ចប់សកម្មភាពយោធារបស់ អ៊ីស្រាអែល និងជំនួយអន្តរជាតិ។ ប្រសិនបើ Hamas បដិសេធ អាមេរិកបានបញ្ជាក់ថាអ៊ីស្រាអែលនឹងមានសិទ្ធិបន្តយុទ្ធនាការ របស់ខ្លួន ដោយទទួលបានការគាំទ្រពីវ៉ាស៊ីនតោន។
ចំណុចសំខាន់ៗនៃសំណើ 20 ចំណុច រួមមាន៖
.បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។
.ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដោយ Hamas ជាមួយនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនក្នុងពន្ធនាគារ អ៊ីស្រាអែល។
.ការដកទាហានអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។
.ការផ្តល់ជំនួយមនុស្សធម៌ និងការស្ដារឡើងវិញសម្រាប់ ប្រជាជនហ្គាហ្សា។
.ការបង្កើតរដ្ឋាភិបាលអន្តរកាល ដឹកនាំដោយស្ថាប័នអន្តរជាតិ ដើម្បីគ្រប់គ្រងតំបន់។
.សន្យាមិនច្បាស់លាស់អំពីអនាគតនៃភាពជារដ្ឋរបស់ ប៉ាឡេស្ទីន។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាន និយាយថា ផែនការនេះគឺជាជំហានដ៏ជិតបំផុតក្នុងការមកដល់ សន្តិភាព ប្រសិនបើ Hamas មិនទទួលយក សហរដ្ឋអាមេរិកនឹង ឈរជាមួយអ៊ីស្រាអែល ដើម្បីធ្វើអ្វីដែលចាំបាច់។
សូមបញ្ជាក់ថា សំណើសន្តិភាព 20 ចំណុចរបស់អាមេរិក បានបង្ហាញពីឆន្ទៈក្នុងការបញ្ចប់សង្រ្គាម ហើយទទួលបានការគាំទ្រពីអ៊ីស្រាអែល។ ទោះជាយ៉ាងនេះ អនាគតនៃផែនការនៅតែពឹងផ្អែកលើការឆ្លើយតបរបស់ Hamas និងលទ្ធភាពក្នុងការអនុវត្តលើកិច្ចព្រមព្រៀង៕