រដ្ឋាភិបាលតេហេរ៉ង បាននិយាយថា យ៉ាងហោចណាស់មនុស្ស 16 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
ខណៈដែលខ្លួនបានថ្កោលទោស “ការឈ្លានពានថ្មីប្រឆាំងនឹង” អធិបតេយ្យភាពរបស់ខ្លួន និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនស៊ីវិលស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយមនុស្ស 25 នាក់បានរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកដែលសំដៅលើទាំងជនស៊ីវិល និងតំបន់សន្តិសុខ។
រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយ ហើយបានបដិសេធការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការសម្របសម្រួលការវាយប្រហារតាមអាកាសជាមួយក្រុងបាកដាដថាជា“មិនពិត”និង“មានគោលបំណងបំភាន់មតិសាធារណៈអន្តរជាតិ”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថាមានអ្នកស្លាប់និងរបួសជាច្រើននាក់បន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់វាលខ្សាច់របស់ប្រទេស និងតំបន់ជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា យុទ្ធជនដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ២៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស៊ីរី ប៉ុន្តែវាមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានព្រមានពីការវាយប្រហារសងសឹកបន្ថែមទៀត បន្ទាប់ពីបានវាយប្រហារគោលដៅដែលទាក់ទងជាមួយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ និងស៊ីរីពេញមួយយប់ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកនៅហ្ស៊កដានី ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា គោលដៅនៃការវាយប្រហារ “ច្រើន” គឺដើម្បីបញ្ឈប់ការវាយប្រហារដោយក្រុមដែលចូលបក្សសម្ព័ន្ធជាមួយអ៊ីរ៉ង់ ហើយមិនមែនដើម្បីចាប់ផ្តើមសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ៕