ប្រធានាធិបតីរុស្ស៊ី បានប្រាប់កិច្ចប្រជុំកំពូលនិម្មិតនៃមេដឹកនាំ G20 ថាអ៊ុយក្រែន កំពុងបដិសេធមិនចរចាបញ្ចប់សង្គ្រាម។
ទន្ទឹមនឹងនេះ ភាគីជម្លោះទាំងពីរអះអាងថា បានទម្លាក់យន្តហោះដ្រូនថ្មីៗ និងការវាយប្រហារដោយមីស៊ីល។
អំឡុងសុន្ទរកថាជាវីដេអូទៅកាន់កិច្ចប្រជុំកំពូល G20 កាលពីថ្ងៃពុធទី២២ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ។
ខណៈទីក្រុងកៀវ បានដកខ្លួនជាសាធារណៈចេញពីដំណើរការនេះ ទៅហើយ។
មេដឹកនាំរុស្ស៊ីបានថ្លែងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្តីអត្ថាធិប្បាយរបស់វាគ្មិនផ្សេងទៀត នៅក្នុងសន្និសីទដែលនិយាយថា ពួកគេភ្ញាក់ផ្អើលចំពោះការវាយលុកជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ពេលនោះ លោកពូទីនក៏បានទទួលស្គាល់ដែរ ដូចជាជម្លោះយោធាផ្សេងៗដែរ វាគឺជាសោកនាដកម្មសម្រាប់មនុស្ស គ្រួសារ និងសម្រាប់ប្រទេសទាំងមូល ហើយតាមធម្មជាតិ យើងត្រូវតែគិតពីរបៀបបញ្ចប់សោកនាដកម្មនេះ។
ទោះជាយ៉ាងណា លោក ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ហើយតាមពិតទៅ ។
គឺជាប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឯណោះទេ ដែលបានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការចរចាបែបនេះជាមួយរុស្ស៊ី។
កាលពីឆ្នាំមុន មេដឹកនាំអ៊ុយក្រែន បានបដិសេធជាផ្លូវការចំពោះកិច្ចចរចាសន្តិភាពជាមួយវិមានក្រឹមឡាំង ដរាបណាលោក ពូទីន នៅតែកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី។
ការអះអាងរបស់លោកពូទីន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានប្រាប់រដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជាង ១៣៧០០ នាក់ និងរថក្រោះប្រមាណ ១,៨០០ គ្រឿង ព្រមទាំងសព្វាវុធធុនធ្ងន់ដទៃទៀត ក្នុងខែនេះ។
លោកនិយាយថា កងកម្លាំងរុស្ស៊ី បាននិងកំពុងរារាំងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការបំបែកខែលការពាររបស់ពួកគេ និងបន្តបំបាក់យោធាអ៊ុយក្រែន ហើយទាហានអ៊ុយក្រែន នាំគ្នារត់ប្រាស់អាយុបន្ទាប់ពីដឹងថា ការវាយបករបស់ពួកគេ ឥតប្រយោជន៍។
កន្លងមក រដ្ឋមន្ត្រីរូបនេះក៏បានចេញការវាយតម្លៃចុងក្រោយអំពីជនរងគ្រោះខាងអ៊ុយក្រែនផងដែរកាលពីចុងខែតុលា ដែលនៅពេលនោះលោកនិយាយថា ទាហានទីក្រុងកៀវលើស ៨០០០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីអ៊ុយក្រែនបើកការវាយបកនៅដើមខែកក្កដា៕