សម្តេចតេជោ ថ្លែងថាការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិ (ICJ) គឺដោយសារភាគីទាំងពីរមិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារភាគីទាំងពីរមិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន ដូច្នេះបើភាគីទាំងពីរនៅតែមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើងគឺជ្រើសយកសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ។

នៅក្នុងឱកាស «ថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើក ទី៣ ព្រឹទ្ធសភា នីតិកាលទី៥» នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការនៃការចរចាទ្វេរភាគី និងយន្តការចូលទៅក្នុងតុលាការ សុទ្ធតែសន្តិភាព ពោលគឺការបញ្ជូនសំណុំរឿងទៅតុលាការមិនមែនមានន័យថា គឺជាការបង្កសង្រ្គាមឬបង្កើតសង្រ្គាមនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ប៉ុន្មានថ្ងៃកន្លងទៅ ថៃបានបង្ហាញថា ចង់វាយគ្នាជាជាងស្វែងរកសន្តិភាពតាមរយៈតុលាការ ហើយកម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវាយគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វាយជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ សម្តេចបានគូសបញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *